គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ហ្វ្រង់កូហ្វូនី :​ ក្រុមហ៊ុនខនហ្វីរេលត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញ

កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៦ / ការអភិវឌ្ឍន៍ / Author : ATH Sokren

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមហ៊ុនខនហ្វីរេលនឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាពិសេសនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុន នឹងមានការភ្លក់ ការណែនាំផលិតផលខ្មែរ និងជំនួបជាមួយអ្នកមានវិជ្ជាជីវៈ ក្នុងគោលបំណងតែមួយគឺដើម្បីបង្ហាញពីចម្រុះភាពនៃចំណេះជំនាញរបស់ខ្មែរ និងដើម្បីបង្កើតទំនាក់ទំនងថ្មីៗ។

ជំនួបរវាងផលិតផលខ្មែរ និងសាធារណជន

នៅ Village de la Francophonie ក្រុមហ៊ុនខនហ្វីរេលនឹងទទួលស្វាគមន៍ភ្ញៀវចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧​ វិច្ឆិកា នៅស្តង់ B43 របស់ខ្លួន ដែលមានទីតាំងនៅតំបន់៥ នៃវត្តបទុម។ ក្រុមការងារនឹងផ្តល់ជូនដល់ភ្ញៀវនូវការភ្លក់មុខម្ហូបដែលប្រើគ្រឿងផ្សំចេញពីផលិតផលរបស់ក្រុមហ៊ុនផ្ទាល់ ក្រោមប្រធានបទហ្រ្វង់កូហ្វូនី។ គឺជារបៀបនៃការផ្សំរសជាតិ និងដើម្បីបង្ហាញពីផលិតផលរបស់ខ្លួនតាមរយៈការប្រើប្រាស់ផលិតផលទាំងនោះនៅក្នុងការចម្អិនម្ហូប។

នៅស្តង់របស់ក្រុមហ៊ុនក៏នឹងមានវត្តមានផលិតផលដែលមានសម្គាល់ទីតាំងភូមិសាស្រ្តផងដែរ​ដូចជា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺជាដើម។ វត្តមានរបស់ផលិតផលទាំងពីរមុខនេះបង្ហាញពីកិត្តិនាមរបស់ផលិតផលខ្មែរដោយផ្តល់ឱកាសឱ្យសាធារណជនបានស្គាល់ពីផលិតផលដ៏ល្បីល្បាញរបស់ក្រុមហ៊ុនខនហ្វីរេល។

នវានុវត្តន៍ និងជំនួបពាណិជ្ជកម្មគឺមាននៅក្នុងកម្មវិធីរបស់ក្រុមហ៊ុន

ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ វិចិ្ឆកា ក្រុមហ៊ុនខនហ្វីរេលក៏មានវត្តមានផងដែរក្នុងពិព័រណ៍ FrancoTech នៅកោះពេជ្រ។ ស្តង់លេខ A2 របស់ក្រុមហ៊ុនខនហ្វីរេលនឹងក្លាយជាកន្លែងសម្រាប់នវានុវត្តន៍ និងជំនួបរវាងអ្នកជំនាញនៅក្នុងវិស័យកសិកម្ម ក្នុងគោលបំណងអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម។

តាមរយៈការផ្សារភ្ជាប់សិល្បៈនៃការចម្អិនម្ហូបទៅនឹងផលិតផលដើម នវានុវត្តន៍និងសុខុមាលភាព ក្រុមហ៊ុនខនហ្វីរេលនឹងមានវត្តមាននៅកន្លែងជាច្រើនក្នុងអំឡុងពេលព្រឹត្តិការណ៍ហ្រ្វង់កូហ្វូនី។ ក្រុមការងារនឹងត្រូវដាក់ពង្រាយបន្ថែមនៅតាមកន្លែងផ្សេងៗមួយចំនួនដើម្បីណែនាំបង្ហាញពីផលិតផល ផ្តោះប្តូរយោបល់ជាមួយសាធារណជន និងស្វែងរកដៃគូសហការថ្មីៗ៕